នៅលើកប៉ាល់ទេសចរណ៍ខ្នាតធំរបស់អ៊ីតាលី ដែលចតនៅជប៉ុននោះ មានអ្នកកើតជំងឺកូវីដ១៩ កើនដល់ ៩១ករណីហើយ
មន្ត្រីសុខាភិបាលជប៉ុន នាថ្ងៃទី២៤ ខែមេសា បានអះអាងថា ចំនួនអ្នកផ្ទុកជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) នៅលើនាវាទេសចរណ៍ Costa Atlantica បានកើនដល់ចំនួន ៩១ករណីហើយ។ បញ្ហានេះ ទាមទារឲ្យជប៉ុន ខិតខំរកដំណោះស្រាយថ្មី ដើម្បីបញ្ចៀសបញ្ហាមួយចំនួន ដែលធ្លាប់កើតមានលើនាវាទេសចរណ៍ Diamond Princess។
ដើម្បីបញ្ចៀសបញ្ហាកុំឲ្យកើតមានដដែលនៅលើនាវាទេសចរណ៍ ជប៉ុនបានព្យាយាមរកមធ្យោបាយមួយចំនួនដោយ កន្លងមកចំណាត់ការរបស់ជប៉ុនទៅលើនាវាទេសចរណ៍ Diamond Princess ត្រូវបានទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់បរទេស ដោយជប៉ុនបានសម្រេចចិត្តដាក់ចត្តាឡីស័កអ្នកដំណើរជាច្រើនថ្ងៃនៅក្នុងនាវា ដែលជាហេតុធ្វើឲ្យមនុស្សច្រើនជាង ៧០០នាក់បានឆ្លង COVID-19 ជាបន្តបន្ទាប់។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo នាថ្ងៃទី២៤ ខែមេសា រដ្ឋមន្ត្រីសុខាភិបាលជប៉ុន លោក Katsunobu Kato បានលើកឡើងថា អ្នក ដែលធ្វើតេស្តអវិជ្ជមាន នឹងត្រូវគេជម្លៀសចេញពីនាវា។ ប៉ុន្តែលោក មិនទាន់បានបញ្ជាក់ច្បាស់លាស់ទេថា អ្នកដែលត្រូវបានគេជម្លៀសចេញពីនាវាទាំងនោះ នឹងត្រូវយកទៅដាក់នៅទីណា។ យ៉ាងណាក្តី ការលើកឡើងរបស់លោករដ្ឋមន្ត្រីបែបនេះ ត្រូវបានមន្ត្រីក្រុង ណាកាសាគី គាំទ្រយ៉ាងខ្លាំង។
នាវា Costa Atlantica នេះ គឺជានាវាទេសចរណ៍របស់អ៊ីតាលី ដែលមានតែបុគ្គលិកបម្រើការចំនួន ៦២៣នាក់ បានចូលចតនៅកន្លែងជួសជុសនាវាមួយក្នុងទីក្រុងណាកាសាគី តាំងពីខែកុម្ភៈមកម្លេះ ដោយក្រុមហ៊ុន Mitsubishi។ មុនដំបូង នាវាទេសចរណ៍នេះ ត្រូវគេគ្រោងយកទៅជួសជុលនៅក្នុងប្រទេសចិនទេ ប៉ុន្តែដោយសារការរីកសាយភាយនៃ COVID-19 ទើបគេឱ្យនៅជប៉ុនវិញ។គិតមកត្រឹមពេលនេះ ជប៉ុនមានករណីឆ្លងជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុសសរុបចំនួនជាង ១២០០០ករណី អ្នកស្លាប់ចំនួន ៣២៨ករណី និងអ្នកជាសះស្បើយចំនួន ១៤៩៤ករណី៕ SP